top of page


ប្រវត្តិក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលី

ប្រវត្តិក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC)

ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC) កាលពីដំបូងឡើយមានឈ្មោះថា អន្តរភ្នាក់ងារខ្មែរ (KI)។ អង្គភាពនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៣ ដើម្បីជាវេទិការចែករំលែកព័ត៌មាន និងជាជំនួយដល់អ្នកដែលធ្វើការជាមួយអតិថិជនខ្មែរ ឬអ្នកដែលមានចំណាប់អារម្មណ៍ពីបញ្ហាទាក់ទងនឹងខ្មែរ។ ក្រុមអង្គភាពនេះបានធ្វើការជួបជុំគ្នាជារៀងរាល់ខែដើម្បីបង្កើតទំនាក់ទំនង, ចែករំលែកព័ត៌មាន, ពិភាក្សាពីបញ្ហាផ្សេងៗ, និងធ្វើការបញ្ចុះបញ្ចូល ដើម្បីធ្វើឲ្យសេវាកម្មសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមកតាំងទីលំនៅ នៅរដ្ឋញូវសៅវែលឲ្យកាន់តែមានភាពល្អប្រសើរឡើង។

 

អន្តរភ្នាក់ងារខ្មែរ (KI) ក៏បានចុះបញ្ជីជាអង្គការសប្បុរសធម៌ និងរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឲ្យមានលក្ខណៈជាផ្លូវការជាងមុន តាមរយៈការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ។ សមាជិករបស់គណៈកម្មាធិការដែលត្រូវបានជ្រើសរើសរួមមាន៖ ប្រធាន អនុប្រធាន ហេរញ្ញិក លេខាធិការ និងសមាជិកធម្មតាចំនួនបីរូប។

 

ឆ្នាំ ១៩៨៣

ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC) កាលពីដើមឡើយមានឈ្មោះថា អន្តរភ្នាក់ងារខ្មែរ (KI)។ អង្គភាពនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៣ ដើម្បីជាវេទិការចែករំលែកព័ត៌មាន និងជាជំនួយដល់អ្នកដែលធ្វើការជាមួយអតិថិជនខ្មែរ ឬអ្នកដែលមានចំណាប់អារម្មណ៍ពីបញ្ហាទាក់ទងនឹងខ្មែរ។ ក្រុមអង្គភាពនេះបានធ្វើការជួបជុំគ្នាជារៀងរាល់ខែដើម្បីបង្កើតទំនាក់ទំនង, ចែករំលែកព័ត៌មាន, ពិភាក្សាពីបញ្ហា, និងធ្វើការបញ្ចុះបញ្ចូលដើម្បីធ្វើឲ្យសេវាកម្មសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមកតាំងទីលំនៅ នៅទីនេះ កាន់តែមានភាពល្អប្រសើរឡើង។ កិច្ចប្រជុំដំបូងបង្អស់ត្រូវបានរៀបចំឡើងនៅក្នុងផ្ទះសំណាក់កាប្រាម៉ាតា (Cabramatta Hostel) ដោយ លោក Kevin McAndrew អ្នកសម្របសម្រួលរបស់មជ្ឃមណ្ឌលអប់រំជនចំណាកស្រុក និងទទួលបាននូវការចូលរួមពីបុគ្គលិកមកពីអង្គភាពផ្សេងៗ រួមមានដូចជា នាយកដ្ឋានសេវាកម្មសហគមន៍់, សុខភាព, អប់រំ, អន្តោប្រវេសន៍និងសន្តិសុខសង្គម, កម្មវិធីសុខុមាលភាព Burnside (Burnside Welfare Program), TAFE, STARTTS, និងសមាគមខ្មែរ។

 

Por Heang Ya ដែលជាមន្ត្រីសុ្រកប្រចាំនាយកដ្ឋានយុវជន និងសេវាកម្មសហគមន៍ ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលទទួលខុសត្រូវរៀបចំកិច្ចប្រជុំ រួមជាមួយនិងសមាជិកដ៏ទៃទៀតរួមមានដូចជា Youvath Sik, Ramy Var, Ravy Heng, Chong-Hean Ang, Ly Chantha Sok, និង Meng Eang Thai ក៏ត្រូវបានតែងតាំងជាបុគ្គលសម្រាប់ទំនាក់ទំនងដើម្បីជួយសម្រួលដល់ការសាកសួរព័ត៌មានផ្សេងៗ។ អន្តរភ្នាក់ងារខ្មែរ (KI) ក៏ជាវេទិកាបណ្តុះបណ្តាលដល់បុគ្គលិកជនជាតិកម្ពុជាផងដែរ ដើម្បីបង្កើនជំនាញរបស់ពួកគាត់ទាក់ទងទៅនឹងជំនាញក្នុងការបញ្ចុះបញ្ចូល, ភាពជាអ្នកដឹកនាំ, ការដឹកនាំកិច្ចប្រជុំ, និងការគ្រប់គ្រងសហគមន៍។ ពួកគាត់បានធ្វើការជួបជុំគ្នា និងធ្វើការវាយតម្លៃពីតម្រូវការរបស់ខ្លួន បន្ទាប់មកធ្វើការស្នើសុំនូវវគ្គបណ្តុះបណ្តាលដែលអាចជួយបំពេញបន្ថែមនូវចំនុចខ្វះខាតខាងផ្នែកណាមួយរបស់ពួកគាត់ទាក់ទងទៅនឹងការអនុវត្តន៍ការងារជំនាញ ឬការបំពេញការងារជាទូទៅ។ វគ្គបណ្តុះបណ្តាលជំនាញដែលបានរៀបចំឡើងមានជាច្រើនរួមមានដូចជា ជំនាញក្នុងការនិយាយជាសាធារណៈ, ជំនាញកុំព្យូទ័រ, ការរៀបចំយុទ្ធសាស្ត្រ, ការសរសេររបាយការណ៍, និងបញ្ហាច្បាប់ទាក់ទងនឹងរដ្ឋធម្មនុញ្ញ និងការគ្រប់គ្រងសហគមន៍។

 

ឆ្នាំ ១៩៨៩

អន្តរភ្នាក់ងារខ្មែរ (KI) បានធ្វើបណ្តឹងតវ៉ាយ៉ាងខ្លាំងមួយទៅកាន់រដ្ឋាភិបាលអូស្ត្រាលី អំពីបញ្ហាទាក់ទងនឹងជនភៀសខ្លួនកម្ពុជារស់នៅក្នុងជំរុំប្រទេសថៃ ដែលជាជនភៀសខ្លួនមកតាមទូកលើកដំបូងបង្អស់ដែលបានធ្វើដំណើរមកដល់ក្រុង Broome នៅពេលបុណ្យណូអែល ក្នុងឆ្នាំ ១៩៨៩ និងជនភៀសខ្លួន ពីរ ឬ បីទូកទៀតដែលមកបន្តបន្ទាប់។ ដោយសារតែពាក្យបណ្តឹងតវ៉ារបស់ អន្តរភ្នាក់ងារខ្មែរ (KI) ទើបរដ្ឋាភិបាលអូស្ត្រាលី បានបង្កើនចំនួនទទួលយក ជនភៀសខ្លួនខ្មែរនៅអូស្ត្រាលី រួមទាំងសាច់ញាតិរបស់ពួកគាត់ដែលជាប់នៅជំរុំក្នុងប្រទេសថៃ ឲ្យមករស់នៅក្នុងប្រទេសអូស្ត្រាលីបន្ថែមទៀត តាមរយៈគម្រោងកម្មវិធីមនុស្សធម៌ពិសេសមួយ។ រដ្ឋាភិបាល Keating នៅឆ្នាំ១៩៩៥ បានបង្កើតប្រភេទទិដ្ឋាការពិសេសមួយដែលមានឈ្មោះថា ប្រភេទជំនួយពិសេស (SAC) ដើម្បីទទួលយកប្រជាជនខ្មែរដែលភៀសខ្លួនមកតាមទូក ឲ្យបានរស់នៅក្នុងប្រទេសអូស្ត្រាលី និងធានាយកសាច់ញាតិរបស់ពួកគាត់ដោយផ្ទាល់មកពីប្រទេសកម្ពុជា បន្ទាប់ពីពួកគាត់បានធ្វើមាតុភូមិនិវត្តន៍រួចរាល់ហើយ។

 

ឆ្នាំ ១៩៩២

នៅថ្ងៃទី ២៦ ខែមិថុនា ក្នុងអំឡុងពេលប្រារព្វកម្មវិធីអបអរសប្តាហ៍ជនភៀសខ្លួន អន្តរភ្នាក់ងារខ្មែរ (KI) បានធ្វើសិក្ខាសាលារយៈពេលមួយថ្ងៃ ស្តីពីទំនៀមទម្លាប់និងវប្បធម៌ខ្មែរ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់បុគ្គលិកទាំងឡាយណាដែលមិនមែនជាជនជាតិខ្មែរ ឲ្យបានស្គាល់អំពីវប្បធម៌ ទំនៀមទម្លាប់ សាសនា និងការអប់រំ ទាក់ទងនឹងប្រជាជនកម្ពុជា។ សិក្ខាសាលានេះបានទទួលនូវការសរសើរនិងត្រូវបានកត់សម្គាល់ថាមានភាពជោគជ័យយ៉ាងខ្លាំង។ អន្តរភ្នាក់ងារខ្មែរ (KI) មានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានចូលរួមចំណែកក្នុងការធ្វើបទបង្ហាញនិងរៀបចំកម្មវិធីសិក្ខាសាលានេះ រួមមានដូចជា Chong Hean Ang ជាអ្នករៀបចំសិក្ខាសាលានិងអ្នកធ្វើបទបង្ហាញ, Por Heang Ya ជាអ្នករៀបចំកម្មវិធីរបស់ អន្តរភ្នាក់ងារខ្មែរ (KI)  និងអ្នកធ្វើបទបង្ហាញ, Ramy Var ជាអ្នកសម្របសម្រួលនិងអ្នកធ្វើបទបង្ហាញ, Youvat Sik ជាអ្នកធ្វើបទបង្ហាញ, Saing Heang Seng ប្រធានរបស់សហគមន៍ខ្មែរសាជីវកម្មរដ្ឋញូវសោធវែល (KCNSW) និងជាអ្នកធ្វើបទបង្ហាញ, Nola Randall ជាអ្នកធ្វើបទបង្ហាញ, Dr Chris Sohan ជាអ្នកធ្វើបទបង្ហាញ រួមទាំងអ្នកសម្របសម្រួលសិក្ខាសាលាជាច្រើនទៀតដូចជា Ravy Heng, Tek Heang Ya, Theau Yorth, Vannak Ing, Min Hauv Yorth, Sovannarand Kay និង Phiny Ung.

 

នៅខែ វិច្ឆិកា ឆ្នាំ ១៩៩២ បណ្ណាល័យជាតិអូស្ត្រលីបានចងក្រងនិងរក្សាទុកនូវ កំណត់ហេតុនិងឯកសារស្តីពីសិក្ខាសាលាផ្សព្វផ្សាយវប្បធម៌ខ្មែរមួយនេះ ក្រោមជំពូកដែលមានឈ្មោះថា អន្តរភ្នាក់ងារខ្មែរ (Khmer Interagency), ផ្នែកធនធានឯកសារ (Resources), សិក្ខាសាលាវប្បធម៌ខ្មែរ។

 

នៅថ្ងៃទី ២៦ ខែកក្កដា Por Heang Ya បានកោះប្រជុំកិច្ចសម្របសមួ្រលពិសេសមួយ រវាងគណៈកម្មាធិការគ្រប់គ្រងរបស់ សហគមន៍ខ្មែរសាជីវកម្មរដ្ឋញូវសោធវែល (KCNSW) ដែលដឹកនាំដោយលោកប្រធាន Bunna Thei និងគណៈកម្មាធិការគ្រប់គ្រងរបស់ CBS ដែលដឹកនាំដោយលោកប្រធាន Sokhan Yim។ ព្រះតេជគុណ Sakhon Long ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះផងដែរ។ កិច្ចប្រជុំនេះគឺដើម្បីជួយដល់គណៈកម្មាធិការគ្រប់គ្រងរបស់អង្គភាពទាំងពីរនេះ ធ្វើការកំណត់នូវវត្ថុបំណង និងទំនួលខុសត្រូវរបស់ខ្លួននៅក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលសហគមន៍។ កិច្ចប្រជុំនេះបានទទួលនូវភាពជោគជ័យយ៉ាងខ្លាំង ដោយអង្គភាពទាំងពីរនេះបានឯកភាពជាគោលការណ៍និងគ្នាថានឹងសហការជាមួយគ្នា ហើយនឹងរួមគ្នារៀបចំកម្មវិធីធំៗទាំងអស់នៅមជ្ឈមណ្ឌល។ CBS នឹងបង់ពន្ធដីនិងអាគារ រួមទាំងថ្លៃទឹកសម្រាប់អាគារទាំងមូល។ អង្គភាពនិមួយៗនឹងបង់ថ្លៃអគ្គិសនី ទូរស័ព្ទ និងធានារ៉ាប់រងរៀងៗខ្លួន។

 

ក្នុងកិច្ចប្រជុំមួយទៀតនៅថ្ងៃទី ២៣ ខែសីហា អង្គភាពទាំងពីនេះបានព្រមព្រៀងគ្នាធ្វើការពង្រីកផ្ទះបាយរបស់វត្តរួមគ្នា។

 

អន្តរភ្នាក់ងារខ្មែរ (KI) បានចុះបញ្ជីជាអង្គការសប្បុរសធម៌ និងបានអនុម័តរចនាសម្ព័ន្ធរបស់ខ្លួនឲ្យមានលក្ខណៈជាផ្លូវការជាងមុនតាមរយៈការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ។ សមាជិករបស់គណៈកម្មាធិការដែលត្រូវបានជ្រើសរើសរួមមាន៖ ប្រធាន អនុប្រធាន ហេរញ្ញិក លេខាធិការ និងសមាជិកធម្មតាចំនួនបីរូប។

 

អន្តរភ្នាក់ងារខ្មែរ (KI) ក៏បានផ្តល់យោបល់អំពីបញ្ហាទាក់ទងនឹងខ្មែរ និងធ្វើការណែនាំអំពី បុគ្គលសម្រាប់ទំនាក់ទំនង ដែលសមស្របទៅនឹងតម្រូវការ។ ជាឧទាហរណ៍ កងវរសេនាតូចរបស់អូស្ត្រាលី បានមកសាកសួរយោបល់ពី អន្តរភ្នាក់ងារខ្មែរ (KI) ទាក់ទងទៅនឹងវប្បធម៌និងទំនៀមទម្លាប់កម្ពុជា មុនពេលពួកគេចាកចេញទៅប្រទេសកម្ពុជាដើម្បីចូលរួមក្នុងការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក្នុងការបោះឆ្នោតជាសកលកនៅឆ្នាំ ១៩៩២។

 

ឆ្នាំ ១៩៩៤

នៅខែ មិថុនា Por Heang Ya បានលាលែងពីតំណែងប្រធានរបស់អន្តរភ្នាក់ងារខ្មែរ (KI) ដើម្បីឈរឈ្មោះជាប្រធានរបស់សហគមន៍ខ្មែរសាជីវកម្មរដ្ឋញូវសោធវែល (KCNSW)។ Kim Ann Chy បានទទួលតំណែងជាប្រធានស្តីទីរបស់អន្តរភ្នាក់ងារខ្មែរ (KI)។

 

ឆ្នាំ ១៩៩៥

Ramy Var ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានរបស់អន្តរភ្នាក់ងារខ្មែរ (KI)។ នៅថ្ងៃទី ២៧ ខែសីហា អន្តរភ្នាក់ងារខ្មែរ (KI) បានក្លាយជាអង្គការអន្តរភ្នាក់ងារខ្មែរ (Khmer Interagency Incorporated) ។ លក្ខន្តិកៈរបស់ អន្តរភ្នាក់ងារខ្មែរ (KI) ត្រូវបានធ្វើវិសោធនកម្មដើម្បីអនុលោមតាមតម្រូវការរបស់ Association Incorporation Act 1984។ សមាជិកគណៈកម្មាធិការត្រូវបានធ្វើការជ្រើសរើសជារៀងរាល់ឆ្នាំដោយសមាជិកនៅក្នុងកិច្ចប្រជុំជាសកលប្រចាំឆ្នាំ។

Sovannairand Kay ត្រូវបានជ្រើសរើសជាប្រធានរបស់អង្គការអន្តរភ្នាក់ងារខ្មែរ (Khmer Interagency Incorporated)។

 

ឆ្នាំ ១៩៩៧

Chong Hean Ang ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានរបស់អង្គការអន្តរភ្នាក់ងារខ្មែរ (Khmer Interagency Incorporated)។

នៅឆ្នាំ ១៩៩៧ អង្គការអន្តរភ្នាក់ងារខ្មែរ (Khmer Interagency Incorporated) បានទទួលនូវថវិការពីនាយកដ្ឋានអន្តោប្រវេសន៍និងកិច្ចការវប្បធម៌ក្រោមគម្រោងសេវាកម្មសហគមន៍តាំងទីលំនៅ (CSSS) សម្រាប់ជួលបុគ្គលិកកម្រិតទី៣ម្នាក់។ គម្រោងនេះបានផ្តល់ថវិការសម្រាប់ជួលបុគ្គលិកម្នាក់ដើម្បីបន្តដំណើរការបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការគាំទ្រដល់អង្គការនិងបុគ្គលិកខ្មែរទាំងឡាយ។

 

ឆ្នាំ ១៩៩៨

នៅថ្ងៃទី ៧ ខែសីហា សន្និសិទដ៏ធំមួយប្រចាំរដ្ឋ ដែលមានប្រធានបទថា ខ្មែរអូស្ត្រាលី៖ រីកចម្រើនលើរលកនៃការផ្លាស់ប្តូរ ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ (TAFE) សាខា Granville។ គោលបំណងទី១ របស់សន្និសិទនេះគឺ ដើម្បីអបអរនូវការតស៊ូនិងការប្តេជ្ញាចិត្តដ៏គួរឲ្យកោតសរសើររបស់សហគមន៍ជនភៀសខ្លួនខ្មែររបស់យើងនៅក្នុងរដ្ឋញូវសៅវែល (NSW)។ គោលបំណងទី២ របស់សន្និសិទនេះគឺដើម្បីសិក្សាពីការលំបាកនិងបញ្ហាប្រឈមដែលពួកគាត់បានជួបប្រទះ។

នៅចុងឆ្នាំដដែលនេះ Soour Hai Gov ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានរបស់អង្គការអន្តរភ្នាក់ងារខ្មែរ (Khmer Interagency Incorporated)។

 

ឆ្នាំ ១៩៩៩

អង្គការអន្តរភ្នាក់ងារខ្មែរ (Khmer Interagency Incorporated) ទទួលបានថវិការបន្ថែមពី DIMA ដើម្បីជួលបុគ្គលិកគម្រោងសេវាកម្មសហគមន៍តាំងទីលំនៅ (CSSS) ម្នាក់សម្រាប់រយះពេលពីរឆ្នាំ។

 

នៅថ្ងៃទី ២៤ ខែសីហា អង្គការយើងបានប្តូរឈ្មោះទៅជា ក្រុមប្រឹក្សាសុខុមាលភាពកម្ពុជា-អូស្ត្រាលីនៃរដ្ឋញូវសៅវែល (CAWC)។

 

ឆ្នាំ ២០០០

Tek Heang Ya ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានរបស់ក្រុមប្រឹក្សាសុខុមាលភាពកម្ពុជា-អូស្ត្រាលីនៃរដ្ឋញូវសៅវែល (CAWC)។

គម្រោងមួយនៃគម្រោងដ៏គួរឲ្យរីករាយបំផុតនៅក្នុងឆ្នាំនេះ គឺគម្រោងដែលមានឈ្មោះថា កម្មវិធីរស់នៅក្នុងភាពចុះសម្រុងគ្នា (Living in Harmony Project)។ គម្រោងនេះគឺជាកម្មវិធីជួបជុំគ្នាមួយដែលបង្ហាញពី សំលៀកបំពាក់និងរបាំដែលបានរៀបចំឡើងនៅភោជនីយដ្ឋាន Bankstown Maxim។

 

ឆ្នាំ ២០០១

ក្រុមប្រឹក្សាសុខុមាលភាពកម្ពុជា- អូស្ត្រាលីនៃរដ្ឋញូវសៅវែល (CAWC) បានចូលរួមចំនែកក្នុងគម្រោងវប្បធម៌ជាច្រើន រួមមានដូចជាគម្រោង Diana Gieses Changing Sydney ជាដើម។ ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC) ទទួលបានមូលនិធិ DIMA សម្រាប់រយះពេលពីរឆ្នាំបន្ថែមទៀត។

 

Chong Hean Ang ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានរបស់ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC) រហូតដល់ឆ្នាំ ២០០៤។

 

នៅក្នុងដើមឆ្នាំ២០០១ ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC)  ទទួលបាននូវមូលនិធិមកពីប្រភពជាច្រើន មានដូចជា មូលនិធិរបស់នាយកដ្ឋានទំនាក់ទំនងសហគមន៏ (Department of Community Relations) សម្រាប់ជួលបុគ្គលិកក្រៅម៉ោងម្នាក់ដើម្បីជួយសម្របសម្រួលការងាររបស់បណ្តាញគំាទ្រស្ត្រី, មូលនិធិរបស់អភិបាលរដ្ឋញូវសៅវែល (NSW Premier Department) សម្រាប់ជួលបុគ្គលិកក្រៅម៉ោងម្នាក់ដើម្បីធ្វើកម្មវិធីអប់រំដល់ក្រុមគ្រួសារខ្មែរ អំពីបញ្ហារបស់ថ្នាំញៀន, មូលនិធិរបស់នាយកដ្ឋានទំនាក់ទំនងឧស្សាហកម្ម សម្រាប់ជួលបុគ្គលិកពេញម៉ោងម្នាក់ដើម្បីធ្វើកម្មវិធីអប់រំដល់កម្មកររោងចក្រជនជាតិខ្មែរ (Outwokers), និងមូលនិធិរបស់សាលាក្រុង Fairfield សម្រាប់កម្មវិធីអប់រំនិងបណ្តុះបណ្តាលដល់ក្រុមគ្រួសារខ្មែរ។

 

 

ឆ្នាំ ២០០៤

Tek Heang Ya ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានរបស់ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC)។

 

ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC) បានពង្រីកខ្លួនពីអង្គការដែលមានបុគ្គលិកកាន់គម្រោងពេញម៉ោង ពី២នាក់ ទៅដល់៧នាក់។ បុគ្គលិកកាន់គម្រោងទាំងនោះរួមមាន បុគ្គលិកម្នាក់សម្រាប់គម្រោងសេវាកម្មសហគមន៍តាំងទីលំនៅ (CSSS), បុគ្គលិកម្នាក់សម្រាប់គម្រោងភាពជាអ្នកដឹកនាំខ្មែរ, បុគ្គលិកម្នាក់សម្រាប់គម្រោងកម្មការនីរោងចក្រជនជាតិខ្មែរ, បុគ្គលិកម្នាក់សម្រាប់គម្រោងពង្រឹងសមត្ថភាពរបស់ស្ត្រីវ័យចំណាស់, បុគ្គលិកម្នាក់សម្រាប់គម្រោងលើកកម្ពស់ការចូលរួមក្នុងសហគមន៍, បុគ្គលិកម្នាក់សម្រាប់គម្រោងបង្កើតបណ្តាញគាំទ្រដល់ក្រុមគ្រួសារនិងកុមារដែលទទួលរងគ្រោះដោយអំពើហឹង្សារក្នុងគ្រួសារ, និងបុគ្គលិកម្នាក់សម្រាប់គម្រោងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់យុវជននិងភាពចុះសម្រុងគ្នាក្នុងសហគមន៍។

 

សិក្ខាសាលាបណ្តុះបណ្តាលស្តីពីភាពខុសគ្នានៃវប្បធម៌ (Cross-Cultural Training) ត្រូវបានរៀបចំឡើងនៅ Liverpool ។

កម្មវិធីប្រចាំឆ្នាំដែលមានឈ្មោះថា រស់នៅក្នុងភាពចុះសម្រុងគ្នា ត្រូវបានរៀបចំឡើងប្រកបដោយភាពជោគជ័យដូចឆ្នាំមុនក្រោមការចូលរួមរបស់ក្រុមយុវជន។

 

ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC) បានរៀបចំអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ប្រសារមួយសម្រាប់ក្រុមដំណើរកំសាន្ត Diana Gieses Travel at Home នៅពេលដែលពួកគាត់មកធ្វើទស្សនកិច្ចនៅវត្តខ្មែរ។

 

ឆ្នាំ ២០០៦

Tek Heang Ya ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានរបស់ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC) ម្តងទៀត។

 

នៅថ្ងៃទី ២៩ ខែកញ្ញា ក្រោមការសហការជាមួយមជ្ឍមណ្ឌលអប់រំពហុវប្បធម៌សុរានិងគ្រឿងញៀន CAWC បានរៀបចំសិក្ខាសាលាចំនួនកន្លះថ្ងៃ ស្តីពី ការធ្វើការជាមួយសហគមន៍ខ្មែរ៖ មគ្គទេ្ទសក៍ដ៏សំខាន់មួយសម្រាប់ចំណះដឹងផ្នែកវប្បធម៌ដើម្បីការយល់ដឹងនិងការអនុវត្តន៍ដ៏មានប្រសិទ្ធភាព។ សិក្ខាសាលានេះគឺសម្រាប់អ្នកដែលធ្វើការជាមួយអតិថិជនដែលមកពីសហគមន៍ខ្មែរ។

 

ឆ្នាំ ២០០៧

នៅខែមិថុនា ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC) បានបង្កើតកញ្ចប់ធនធានមួយដែលមានឈ្មោះថា ពត៌មានស្តីពីវប្បធម៌ខ្មែរសម្រាប់អ្នកផ្តល់សេវាកម្មថែទាំមនុស្សចាស់៖ ការផ្តោតសំខាន់ទៅលើចំនួនប្រជាជនវ័យចំណាស់ជនជាតិខ្មែរ។ កញ្ចប់ធនធាននេះគឺបង្កើតឡើងដោយ Bamathy Somasegaram ក្រោមជំនួយពី Debbie Giacomin, Nola Randall, សាស្ត្រចារ្យ Sivayogan និង Yvonne Santalucia ។ កញ្ចប់ធនធាននេះបានការឧបត្ថម្ភថវិការពីក្រសួងសុខាភិបាលជាតិ (Commonwealth Department of Health)។

 

កម្មវិធីពហុវប្បធម៌រាត្រីស្រមោលសប្រចាំឆ្នាំលើកទី៧ ដែលមានឈ្មោះថារស់នៅក្នុងភាពចុះសម្រុងគ្នាត្រូវបានរៀបចំឡើងនៅខែសីហា។ កម្មវិធីនេះមានការសម្តែងវប្បធម៌ជាច្រើនដូចជា អ្នកចំរៀងជនជាតិអេស្ប៉ាញ, អ្នករាំរបាំប្រពៃណីកាច់ក្បាលពោះ, របាំប្រពៃណីអូស្ត្រាលី, ក៏ដូចជាអ្នកចំរៀងមកពីប្រទេសកម្ពុជាផងដែរ។

 

នៅថ្ងៃទី១៤ ខែធ្នូ សន្និសីទស្តីពី បញ្ហារបស់យុវវ័យ៖ ការផ្តោតទៅលើយុវវ័យកម្ពុជានៅប្រទេសអូស្ត្រាលី ត្រូវបានរៀបចំឡើងនៅវិទ្យាល័យ Cabramatta។ គោលបំណងរបស់សន្និសីទនេះគឺ ដើម្បីស្វែងយល់ពីបញ្ហាដែលយុវវ័យកម្ពុជាកំពុងតែប្រឈមមុខ និងដើម្បីបង្កើតនូវយុទ្ធសាស្ត្រសម្រាប់ជំរុញឲ្យយុវវ័យមានការចូលរួមក្នុងសកម្មភាពសហគមន៍។

 

 

ឆ្នាំ ២០០៨

នៅថ្ងៃទី២១ ខែមិថុនា ស្របគ្នាជាមួយនិងកម្មវិធីអបអរសាទរសប្តាហ៍ជនជាតិភៀសខ្លួន ក្រុមប្រឹក្សាសុខុមាលភាពខ្មែរ-អូស្ត្រាលីនៃរដ្ឋញូវសៅវែលសាជីវកម្ម (CAWC) បានប្រារព្ធពិធីអបអរសាទមួយនៅការិយាល័យរបស់ខ្លួននៅ Bonnyrigg ក្រោមប្រធានបទថា ៣០ឆ្នាំនៃការតាំងទីលំនៅរបស់ប្រជាជនកម្ពុជានៅប្រទេសអូស្ត្រាលី, និងសម្ពោធកម្រោងដែលមានឈ្មោះថាការតាំងទីលំនៅរបស់ប្រជាជនខ្មែរនៅរដ្ឋញូវសៅវែល ដែលជាការប្រមូលទិន្នន័យមួយ។

 

bottom of page